ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១:៣៨-៥៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​១០ ខែកក្តដា ឆ្នាំ២០២៤
៣៨ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន ៣៩ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តាជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ៤០ស្រេច​ហើយ បណ្តាជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។ ៤១ឯ​អ័ដូ‌នីយ៉ា នឹង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ ៤២កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក ៤៣នោះ​យ៉ូណា‌ថាន​ក៏​ទូល​តប​ទៅ​អ័ដូ‌នីយ៉ា​ថា ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សាឡូម៉ូន​ឲ្យ​សោយ‌រាជ្យ​ឡើង​ជា​ពិត​ហើយ ៤៤ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច ៤៥ហើយ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ ៤៦ឯ​សាឡូម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ ៤៧មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាមនៃ​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ ៤៨ហើយ​មាន​បន្ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​នៃ​ទូលបង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ផង។ ៤៩ឯ​ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា គេ​មាន​សេចក្ដី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​គេ​រៀង​ខ្លួន​ទៅ ៥០អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាសនា ៥១មាន​គេ​ទៅ​ទូល​សាឡូម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាសនា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ស្បថ​នឹង​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូលបង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ ៥២នោះ​សាឡូម៉ូន​មាន​បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ ៥៣ដូច្នេះ ស្តេច​សាឡូម៉ូន​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាសនា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច​សាឡូម៉ូន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ។