ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១:២៨-៣៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​៩ ខែកក្តដា ឆ្នាំ២០២៤
២៨ខណ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច ២៩រួច​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា ៣០នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្ដី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា សាឡូម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង ៣១ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច​ត​ទៅ។ ៣២រួច​មក ស្តេច​ដាវីឌ ទ្រង់​មាន​បន្ទូល​ថា ចូរ​ហៅ​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ នឹង​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​មក​នេះ លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​នៅ​ចំពោះ​ស្តេច ៣៣ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ ៣៤ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ៣៥ក្រោយ​មកត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ៣៦បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូលបង្គំ បាន​ព្រម​ដូច្នេះ​ដែរ ៣៧សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូលបង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​ទៅ​ទៀត​ផង។