ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១:១១-២៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​៨ ខែកក្តដា ឆ្នាំ២០២៤
១១ដូច្នេះ ណាថាន់​ក្រាប​ទូល​ដល់​បាត‌សេបា ជា​មាតា​សាឡូម៉ូនថា តើ​ព្រះ‌នាង​មិន​បាន​ជ្រាប​ថា អ័ដូ‌នីយ៉ា ជា​កូន​ហាគីត បាន​ឡើង​សោយ‌រាជ្យ ឥត​ជ្រាប​ដល់​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ផង​ទេ​ឬ​អី ១២ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូលបង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង នឹង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​ផង​ដែរ ១៣សូម​ចូល​ទៅ​គាល់​ស្តេច​ដាវីឌ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ តើ​ទ្រង់​មិន​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់​ថា ត្រូវ​ឲ្យ​សាឡូម៉ូន ជា​កូន​ឯង សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ក៏​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​អញ​នោះ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ័ដូ‌នីយ៉ា​សោយ‌រាជ្យ​វិញ ១៤មើល កំពុង​ដែល​ព្រះ‌នាង​នៅ​ទូល​នឹង​ស្តេច ក្នុង​ទី​នោះ​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ចូល​ទៅ​តាម​ក្រោយ ហើយ​នឹង​បញ្ជាក់​ពាក្យ​របស់​ព្រះ‌នាង​ដែរ។ ១៥បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់ ១៦បាត‌សេបា​ក៏​ឱន​ខ្លួន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មក​មាន​ប្រាថ្នា​អ្វី ១៧ព្រះ‌នាង​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា សាឡូម៉ូន​ជា​កូន​ឯង នឹង​ឡើង​សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​អញ​មិន​មែន​ឬ ១៨តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ ១៩វា​បាន​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ នឹង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ ២០ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ ២១បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ នឹង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។ ២២លុះ​កាល​ព្រះ‌នាង​កំពុង​តែ​ក្រាប ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ហោរា​ណាថាន់ ក៏​ចូល​មក​ដល់ ២៣គេ​ទូល​ស្តេច​ថា បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​គាល់​ហើយ រួច​កាល​លោក​បាន​ចូល​មក​ដល់​ចំពោះ​ស្តេច​ហើយ នោះ​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ទ្រង់​ទូល​ថា ២៤បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​បាន​មាន​បន្ទូល​ថា អ័ដូ‌នីយ៉ា​ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​ទ្រង់ ហើយ​គង់​លើ​បល្ល័ង្ក​រាជ្យ​ឬ​អី ២៥ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ២៦តែ​ឯ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា នឹង​សាឡូម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ ២៧តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។