ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១:១-១០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​៧ ខែកក្តដា ឆ្នាំ២០២៤
គ្រា​នោះ ស្តេច​ដាវីឌ ទ្រង់​មាន​ព្រះ‌ជន្មាយុ​កន្លង​បង់​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់‌ក្តៅ​ទេ ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទ្រង់​ទូល​ថា សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​១ មក​ថ្វាយ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ឲ្យ​នាង​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​នឹង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​កក់‌ក្តៅ ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច នាង​នោះ​មាន​រូប​រាង​ស្រស់​ល្អ​ណាស់ ហើយ​ក៏​ថែ‌ទាំ​បំរើ​ស្តេច តែ​ទ្រង់​មិន​បាន​រួម​រស់​នឹង​នាង​សោះ។ ខណ​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​នៃ​នាង​ហាគីត ក៏​លើក​ខ្លួន​ឡើង ដោយ​ពាក្យ​ថា យើង​នឹង​ធ្វើ​ជា​ស្តេច ដូច្នេះទ្រង់​ក៏​ត្រៀម​រទេះ​ចំបាំង នឹង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​៥០​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់ ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ ទ្រង់​ក៏​សំឡាប់​ចៀម គោ នឹង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច នឹង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ ១០តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូម៉ូន ជា​អនុជ​ទ្រង់​ទេ។