ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១ ខែកក្តដា ឆ្នាំ២០២៤
១គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្ដីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ២ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង ៣ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្ដីចែងទុកមកថា «សេចក្ដីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ» ៤ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ ៥ឥឡូវនេះ សូមព្រះនៃសេចក្ដីអត់ធ្មត់ នឹងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ៦ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ៧ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។
៨ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ៩ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់» ១០ហើយមានសេចក្ដី១ទៀតថា «ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់» ១១ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ» ១២ក្នុងបទ១ទៀត លោកអេសាយក៏មានប្រសាសន៍ថា «នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សំរាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹម» ១៣ឥឡូវនេះ សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ នឹងសេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានសេចក្ដីសង្ឃឹមជាបរិបូរ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។
១៤ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ ១៥ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀត ដែលមាន១ផ្នែក សំរាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះទ្រង់បានផ្តល់មកខ្ញុំ ១៦ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។
១៧ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្ដីទាំងប៉ុន្មានខាងឯព្រះ ១៨ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី ១៩ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន ២០គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ ២១ដូចជាមានសេចក្ដីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ»