ព្រះគម្ពីរ រ៉ូម ១១:២៥-៣៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២៦ ខែមិថុនា ឆ្នាំ២០២៤
២៥បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្ដី​អាថ៌‌កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន ២៦នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា នឹង​បាន​សង្គ្រោះ​ជា​ក្រោយ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ទ្រង់​នឹង​ចេញ​ពី​ស៊ីយ៉ូន​មក ទ្រង់​នឹង​បង្វែរ​សេចក្ដី​ទមិល​ល្មើស​ពី​យ៉ាកុប​ទៅ ២៧នោះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ» ២៨ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្ដី​រើស​តាំង នោះ​គេ​ជា​ស្ងួន‌ភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ ២៩ដ្បិត​ព្រះ‌ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ ៣០ពី​ព្រោះ​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ ៣១ដូច្នេះ ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ជាន់​នេះ នោះ​គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ៣២ដ្បិត​ព្រះ‌ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា ៣៣អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន ៣៤តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន ៣៥តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ ៣៦ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។