ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២០ ខែមិថុនា ឆ្នាំ២០២៤
១ខ្ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា ២ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំង នឹងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច ៣ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម ៤គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ នឹងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រិត្យវិន័យ របៀបថ្វាយបង្គំ នឹងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកឰយុកោផង ៥ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន ៦ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ ៧ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្ដីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក» ៨គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្ដីសន្យា នោះទើបបានរាប់ជាពូជវិញ ៩ដ្បិតសេចក្ដីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន» ១០មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា ១១គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី ១២នោះព្រះទ្រង់មានបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបំរើប្អូន» ១៣ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។
១៤ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ ១៥ដ្បិតទ្រង់មានបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត» ១៦ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ ១៧ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញលើផែនដី» ១៨ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។