David Fights Goliath
បងប្រុសៗរបស់យុវជនដាវីឌទាំងអស់ ស្ថិតនៅក្នុងកងទ័ពរបស់ស្តេច សូល ។ នៅថ្ងៃមួយឪពុករបស់យុវជនដាវីឌបានចាត់គាត់ អោយទៅសួរសុខទុក្ខបងប្រុសៗគាត់ ។ យុវជនដាវីឌ បានឃើញកងទ័ពទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធជាមួយនឹងសាសន៍ភីលីស្ទីន ។ រំពេចនោះស្រាប់តែ មនុស្សមាឌយក្សសាសន៍ភីលីស្ទីនម្នាក់ បានចេញមក ។ កងទ័ពរបស់ស្ដេចសូលទាំងអស់មានចិត្តភ័យណាស់ ។ ពួកគេបានរត់ត្រឡប់មកជំរុំរបស់ពួកគេវិញ។
មនុស្សមាឌយក្សសាសន៍ភីលីស្ទីន ឈ្មោះកូលីយ៉ាត ម្នាក់នេះ គឺមានកំពស់ខ្ពស់ជាងបីមែត្រទៅទៀត ។ មនុស្សមាឌយក្សកូលីយ៉ាតស្រែកឡើងថា “ ចូរ ជ្រើសរើសបុរសម្នាក់ អោយមកប្រយុទ្ធជាមួយនឹងអញ ។ ប្រសិនបើវាអាចសំលាប់អញបាន នោះយើងនឹងក្លាយទៅជា ទាសកររបស់ពួកឯងទាំងអស់គ្នា ។ ប៉ុន្តែ ប្រសិនបើអញឈ្នះការប្រយុទ្ធនេះវិញ ពួកឯងត្រូវក្លាយទៅជាទាសកររបស់ពួកយើងហើយ ” ។ នៅជំរុំរបស់សាសន៍ អ៊ីស្រាអែលគ្មានអ្នកណាមួយ មានចិត្តចង់ប្រយុទ្ធជាមួយមនុស្សមាឌយក្សកូលីយ៉ាតនេះឡើយ ។ ពួកគេគិតថា គ្មានអ្នកណាមួយអាចនឹងវាយមនុស្សមាឌធំនេះបានឡើយ!
ឯដាវីឌវិញ គាត់បានដឹងថា ព្រះទ្រង់មានព្រះចេស្ដាខ្លាំងជាង កូលីយ៉ាតនេះ ។ ដាវីឌ បាននិយាយថា “ខ្ញុំនឹងទៅប្រយុទ្ធជាមួយគាត់” ។ ពេលស្តេចសូល បានឮអ្វីដែល ដាវីឌ បាននិយាយទ្រង់មានបន្ទូលថា“ឯងនៅក្មេងណាស់ ហើយនៅតូចផងមិនអាចប្រយុទ្ធជាមួយកូលីយ៉ាតបានទេ”។
ដាវីឌបានឆ្លើយតបទៅវិញថា “ប៉ុន្តែ ព្រះបានជួយទូលបង្គំប្រយុទ្ធជាមួយសត្វតោ នឹងខ្លាឃ្មុំជាច្រើន នៅពេលដែលទូលបង្គំមើលថែរក្សាហ្វូងសត្វចៀមរបស់ឪពុកទូលបង្គំ ដូច្នេះ ព្រះទ្រង់នឹងជួយទូលបង្គំឥឡូវនេះដែរ” ។
នៅពេលដែលមនុស្សមាឌយក្ស កូលីយ៉ាត បានឃើញដាវីឌគាត់បានសើច ។ ហើយគាត់ថែមទាំងសើចចំអកអោយព្រះជាម្ចាស់ផង ! ដាវីឌគាត់គ្រាន់តែបាន ប្រើជំពាមរបស់គាត់ និងគ្រាប់គ្រួសមួយគ្រាប់តែប៉ុណ្ណោះដើម្បីប្រយុទ្ធជាមួយកូលីយ៉ាត ។ ព្រះបានជួយ ដាវីឌ អោយសង្រ្គោះប្រជារាស្រ្តទ្រង់ ពីកងទ័ពនៃសាសន៍ភីលីស្ទីន៕