ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤
១ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ២ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន ៣តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្ដីសុគតនៃទ្រង់ដែរ ៤ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ៥ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ ៦ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ៧ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ ៨បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ ៩ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្ដីស្លាប់គ្មានអំណាចលើទ្រង់ទៀត ១០ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ ១១ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងឯបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
១២ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្ដីប៉ងប្រាថ្នារបស់បាបនោះឡើយ ១៣ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ១៤ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។