ព្រះគម្ពីរ រ៉ូម ៥:១២-២១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១១ ខែមិថុនា ឆ្នាំ២០២៤
១២ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ ១៣(ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ ដរាប​ដល់​ក្រិត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រិត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ១៤ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ១៥ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ ១៦ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ ដែល​កើត​មក​ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះ‌គុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ ១៧ដ្បិត​បើ​សិន​ជា​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ) ១៨ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ១៩ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ ២០តែ​ក្រិត្យ‌វិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​រំលង​នោះ​បាន​រឹត‌តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះ‌គុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ២១ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​សោយ‌រាជ្យ ដោយ‌សារ​សេចក្ដី​សុចរិត សំរាប់​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ‌រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។