ព្រះគម្ពីរ រ៉ូម ៤:១-២៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ២០២៤
បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត​វិញ ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ‌ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ នឹង​បាប​ខ្លួន​បាន​គ្រប​បាំង មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។ ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្ដី​ជំនឿ​បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត ដល់​លោក​អ័ប្រា‌ហាំ ១០ចុះ​សេចក្ដី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ ១១ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្ដី​សុចរិត ដែល​មក​ដោយ​សេចក្ដី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្ដី​ជំនឿ ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្ដី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ ១២ហើយ​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​ពួក​ដែល​មិន​គ្រាន់​តែ​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ដែល​ដើរ​តាម‌ដាន​នៃ​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​ផង ជា​សេចក្ដី​ជំនឿ​ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ១៣ដ្បិត​សេចក្ដី​សន្យា ដល់​លោក​អ័ប្រា‌ហាំ នឹង​ពូជ​លោក ឲ្យ​បាន​លោកីយ​ជា​មរដក នោះ​មិន​មែន​ដោយ‌សារ​ក្រិត្យ‌វិន័យ​ទេ គឺ​ដោយ‌សារ​សេចក្ដី​សុចរិត​ដែល​មក​ដោយ​សេចក្ដី​ជំនឿ​វិញ ១៤ពី​ព្រោះ​បើ​សិន​ជា​ពួក​អ្នក​ដែល​អាង​ក្រិត្យ‌វិន័យ​បាន​គ្រង​មរដក នោះ​សេចក្ដី​ជំនឿ​បាន​ទៅ​ជា​ឥត​អំពើ​វិញ ហើយ​សេចក្ដី​សន្យា​ក៏​ឥត​ប្រយោជន៍​ដែរ ១៥ឯ​ក្រឹត្យ​វិន័យ នោះ​បង្កើត​សេចក្ដី​ក្រោធ ដ្បិត​កន្លែង​ណា​ដែល​គ្មាន​ក្រិត្យ‌វិន័យ នោះ​ក៏​ឥត​មាន​សេចក្ដី​រំលង​ដែរ ១៦ដូច្នេះ សេចក្ដី​សន្យា​បាន​មក​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្ដី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង ១៧ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» រីឯ​នៅ​ចំពោះ​ព្រះ ជា​ទី​ជឿ​របស់​លោក ដែល​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​បន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ នោះ​លោក​ជា​ឪពុក​របស់​យើង​មែន ១៨ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្ដី​ដែល​មាន​បន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ» ១៩ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្ដី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូប‌កាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ ២០លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត‌តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ២១ហើយ​ក៏​ជឿ‌ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន ២២ហេតុ​នោះ​បាន​ជា​រាប់​សេចក្ដី​ជំនឿ​របស់​លោក ទុក​ជា​សេចក្ដី​សុចរិត​ដល់​លោក។ ២៣ប៉ុន្តែ​ដែល​ថា «បាន​រាប់​ដល់​លោក» ដូច្នេះ នោះ​មិន​ចែង​ទុក​មក​សំរាប់​លោក​តែ​ឯង​ទេ ២៤គឺ​សំរាប់​យើង​រាល់​គ្នា​ដែរ សេចក្ដី​សុចរិត​នោះ​នឹង​បាន​រាប់​ដល់​យើង​រាល់​គ្នា ជា​ពួក​អ្នក​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ២៥ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត។