ព្រះគម្ពីរ រ៉ូម ៣:១-១៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​៦ ខែមិថុនា ឆ្នាំ២០២៤
ដូច្នេះ តើ​សាសន៍​យូដា​វិសេស​ជាង​គេ​យ៉ាង​ណា ឬ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់» ប៉ុន្តែ បើ​សិន​ជា​សេចក្ដី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ‌ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក) ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជំនុំ‌ជំរះ​លោកីយ​បាន ដ្បិត​បើ​សិន​ជា​សេចក្ដី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរី‌ល្អ​ដល់​ទ្រង់ ដោយ‌សារ​សេចក្ដី​ភូត‌ភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្ដី​ជំនុំ‌ជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម‌ត្រូវ​ហើយ។ ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ១០ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ១១គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ ១២គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង ១៣បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ១៤ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ជូរ​ចត់ ១៥ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម ១៦នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្ដី​វិនាស នឹង​សេចក្ដី​ទុក្ខ​លំបាក ១៧គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ‌សាន្ត​សោះ ១៨ក៏​គ្មាន​សេចក្ដី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ»