ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤
១៦គ្រាដល់ក្រុងរ៉ូមហើយ នោះមេទ័ពក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ប៉ុន្តែគេបើកឲ្យប៉ុលនៅដោយខ្លួន មានតែទាហាន១ដែលរក្សាប៉ុណ្ណោះ ១៧ក្រោយ៣ថ្ងៃមក ប៉ុលអញ្ជើញពួកមេសាសន៍យូដា ឲ្យមកប្រជុំគ្នា កាលគេមូលគ្នាហើយ នោះគាត់ពោលពាក្យទៅគេថា ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទំលាប់ពួកឰយុកោទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម ១៨ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ ១៩ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ ២០ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្ដីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ ២១គេឆ្លើយឡើងថា យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ពីរឿងអ្នកសោះ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយសេចក្ដីអ្វីអាក្រក់ពីអ្នកដែរ ២២តែយើងចូលចិត្តចង់ដឹងគំនិតរបស់អ្នក ដែលអ្នកគិតដូចម្តេច ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់។
២៣គេក៏ណាត់ថ្ងៃកំណត់ រួចមានគ្នាជាច្រើនមកឯគាត់ ក្នុងទីលំនៅរបស់គាត់ ហើយគាត់អធិប្បាយ ទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រឹកដល់ល្ងាច ពីនគរព្រះឲ្យគេស្តាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្ដី ដែលដំរូវពីព្រះយេស៊ូវក្នុងក្រិត្យវិន័យលោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា ២៤អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ ២៥នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលនឹងពួកព្ធយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា ២៦«ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ ២៧ព្រោះចិត្តសាសន៍នេះបានត្រឡប់ជាស្ពឹក គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយចិត្តបានយល់ រួចគេវិលមក ដើម្បីឲ្យអញបានប្រោសឲ្យគេជា» ២៨ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ព្រះទ្រង់ផ្សាយសេចក្ដីសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ហើយគេនឹងស្តាប់ជាពិត ២៩លុះកាលគាត់បាននិយាយសេចក្ដីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។
៣០រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំ គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ។:៚