ព្រះគម្ពីរ កិច្ចការ ២៧:២៧-៤៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២៩ ខែឧសភា ឆ្នាំ២០២៤
២៧ដល់​គំរប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ ២៨លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម ២៩នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង ៣០ពួក​សំពៅ​ក៏​សំរូត​ទូក​ទំលាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទំលាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ ៣១នោះ​ប៉ុល​និយាយ​ទៅ​មេ​ទ័ព នឹង​ទាហាន​ថា បើ​ពួក​នោះ​មិន​នៅ​ក្នុង​សំពៅ នោះ​អ្នក​រាល់​គ្នា​មិន​បាន​រួច​ទេ ៣២ពួក​ទាហាន​ក៏​កាត់​ខ្សែ​ឲ្យ​ទូក​ធ្លាក់​ទៅ ៣៣លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គំរប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ ៣៤ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ពិសា​ទៅ ដ្បិត​នេះ​មាន​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត ព្រោះ​សក់​១​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង ៣៥កាល​និយាយ​ដូច្នេះ​ហើយ គាត់​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ​ដល់​ព្រះ នៅ​មុខ​គេ​ទាំង​អស់​គ្នា រួច​កាច់​បរិភោគ​ទៅ ៣៦គេ​មាន​សង្ឃឹម​ឡើង ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ដែរ ៣៧រីឯ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​សំពៅ នោះ​មាន​២៧៦​នាក់ ៣៨កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សំរាល​សំពៅ​ចេញ ដោយ​ទំលាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។ ៣៩លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជំរាល រួច​គេ​គិត​ដំរង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន ៤០គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ ដំរង់​សំពៅ​ទៅ​ឯ​ទី​ជំរាល​នោះ ៤១សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក ៤២ឯ​ពួក​ទាហាន គេ​ចង់​សំឡាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ ៤៣តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន ៤៤ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ‌សាន្ត​ត្រាណ។