ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤
១កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ ២យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង ៣ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ ៤យើងបើកពីទីនោះ សសៀរតាមកោះគីប្រុសទៅ ដោយព្រោះច្រាសខ្យល់ ៥ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា ៦នៅទីនោះ មេទ័ពរកបានសំពៅ១ មកពីក្រុងអ័លេក្សានទ្រា ដែលទៅស្រុកអ៊ីតាលី ក៏ឲ្យយើងជិះទៅ ៧កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន ៨បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែង១ហៅថា ទ្វារសមុទ្រលំអ ដែលនៅជិតក្រុងឡាសេ។
៩លុះបានកន្លងមកជាយូរថ្ងៃ កាលសំពៅណាបើកទៅនឹងមានអន្តរាយ ពីព្រោះបុណ្យតមបានកន្លងហើយ នោះប៉ុលទូន្មានគេថា ១០អ្នករាល់គ្នាអើយ បើបើកទៅឥឡូវ ខ្ញុំយល់ឃើញថា នឹងមានអន្តរាយ ហើយខូចខាតជាច្រើន មិនត្រឹមតែទំនិញ នឹងសំពៅប៉ុណ្ណោះទេ គឺដល់ទាំងជីវិតយើងរាល់គ្នាផង ១១ប៉ុន្តែ មេទ័ពបានទុកចិត្តនឹងអ្នកកាន់ចង្កូត ហើយនឹងម្ចាស់សំពៅ ជាជាងពាក្យដែលប៉ុលថានោះវិញ ១២ហើយដោយព្រោះទ្វារសមុទ្រនោះមិនស្រួលនឹងសំណាក់នៅក្នុងរដូវរងាផង បានជាច្រើនគ្នាគេទូន្មានឲ្យបើកចេញពីទីនោះទៅ ដើម្បីនឹងស្រូតទៅឯភេនីច ហើយឲ្យស្នាក់នៅក្នុងរដូវរងាវិញ បើសិនជាបាន នោះជាទ្វារសមុទ្រនៅកោះក្រេត ដែលបែរទៅទិសនិរតីនឹងទិសពាយព្យ ១៣ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត ១៤តែក្រោយមកបន្តិច នោះមានធ្លាក់ខ្យល់ព្យុះកំណាច ដែលហៅថា ខ្យល់អ៊ើរ៉ាគ្លីដូន មកប៉ះនឹងសំពៅ ១៥ហើយយើងបំបែរក្បាលសំពៅទៅចំខ្យល់ពុំបាន នោះក៏ទុកឲ្យបណ្តោយតាមខ្យល់ទៅ ១៦បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់ ១៧កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់ ១៨ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង ១៩ហើយដល់ថ្ងៃទី៣ ក៏ចោលគ្រឿងប្រដាប់សំពៅ ដោយដៃខ្លួនយើងទៀត ២០រួចដោយព្រោះមិនឃើញថ្ងៃ ឬផ្កាយជាយូរថ្ងៃ ហើយព្យុះសង្ឃរាមិនចេះអន់ស្រាកសោះ បានជាយើងលែងសង្ឃឹមនឹងរួចជីវិតបាន។
២១កាលគេបានតមអាហារជាយូរថ្ងៃ នោះប៉ុលឈរឡើងនៅកណ្តាលគេនិយាយថា អ្នករាល់គ្នាអើយ គួរតែបានស្តាប់តាមខ្ញុំ ហើយមិនចេញពីកោះក្រេតមក នោះយើងមិនត្រូវអន្តរាយ ហើយខូចខាតដូច្នេះទេ ២២តែឥឡូវនេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យសង្ឃឹមឡើង ដ្បិតគ្មានពួកអ្នករាល់គ្នាណា១នឹងបាត់ជីវិតទេ ខូចខាតតែសំពៅប៉ុណ្ណោះ ២៣ព្រោះយប់មិញ មានទេវតានៃព្រះ ដែលខ្ញុំជាអ្នកបំរើរបស់ទ្រង់ បានមកឈរជិតខ្ញុំប្រាប់ថា ២៤ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ២៥ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានបន្ទូលមកខ្ញុំ នឹងកើតមកដូច្នោះមែន ២៦ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។