ព្រះគម្ពីរ កិច្ចការ ២៦:១-២៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ២០២៤
ព្រះ‌រាជា​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ‌សា​ខ្លួន​ថា បពិត្រ​ព្រះ‌ករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ‌សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្ដី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូលបង្គំ គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ នឹង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូលបង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ដោយ​អំណត់​សិន ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូលបង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូលបង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូលបង្គំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូលបង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូលបង្គំ គឺ​ជា​ពួក​ផារិស៊ី ហើយ​ឥឡូវ ទូលបង្គំ​ជាប់​ជំនុំ‌ជំរះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ‌ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​ទូលបង្គំ ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ‌ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ សូម្បី​ទូលបង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូលបង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​ដែរ ១០គឺ​ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធ​ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សំឡាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ព្រម​ដែរ ១១ទូលបង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូលបង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូលបង្គំ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង ១២នៅ​គ្រា​នោះ ទូលបង្គំ​បាន​ទទួល​អំណាច នឹង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស ១៣នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូលបង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូលបង្គំ នឹង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ ១៤ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ ១៥ទូលបង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ ១៦ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត ១៧ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តាជន នឹង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ ១៨ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ ១៩ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូលបង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ ២០គឺ​ទូលបង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡិម នឹង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង ២១ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សំឡាប់​ទូលបង្គំ​ចោល ២២តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូលបង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា នឹង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ ២៣គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។