God speaks to Samuel
សង្ឃឈ្មោះអេលី មានអាយុកាន់តែចាស់ណាស់ហើយ ។ រីឯក្មេងប្រុសសាំយូអែលបានជួយលោកអេលីមើលថែរក្សារោងឧបោសថព្រះ ។ ក្មេងប្រុសសាំយូអែលបានទៅដេកនៅលើកន្ទេលមួយដែលក្រាលនៅលើកំរាលនៃរោងឧបោសថព្រះ ។ មានយប់មួយនោះ សាំយូអែលបានឭសម្លេងកំពុងតែហៅឈ្មោះគាត់ ។ សាំយូអែលបានស្ទុះឡើង ហើយរត់សំដៅទៅកន្លែងដែលលោកអេលី កំពុងដេកហើយនិយាយថា" ខ្ញុំមកដល់ហើយ លោកបានហៅខ្ញុំឫ? " ។
លោកអេលីបាននិយាយថា " អញមិនបានហៅឯងទេ ត្រឡប់ទៅដេកវិញទៅ" ។ សាំយ៉ូអែលបានត្រឡប់ទៅឯកន្ទេលរបស់គាត់នៅលើកំរាលវិញ ។ មិនយូរប៉ុន្មាន សាំយូអែលបានឭសម្លេងនោះម្ដងទៀត ។ សាំយូអែលបានរត់យ៉ាងលឿនទៅឯលោកអេលីម្ដងទៀត ប៉ុន្ដែលោកអេលីមិនបានហៅគាត់ទេ ។ សាំយូអែលបានត្រឡប់ទៅកន្ទេលគាត់ម្ដងទៀត ។ ប៉ុន្ដែ គាត់បានឭសម្លេងនោះម្ដងទៀត សាំយូអែលបានគិតថា ប្រាកដជាលោកអេលី បានហៅគាត់ហើយ! ដ្បិតគ្មានអ្នកណាទៀតដែលហៅគាត់ទាំងពាក់កណ្ដាលអាធ្រាតដូច្នេះទេ ។ សាំយូអែលបានរត់ទៅលោកអេលី ម្ដងទៀត ។ លោកអេលីបានដឹងថា ព្រះកំពុងតែត្រាស់ហៅសាំយូអែល។ ព្រះទ្រង់ប្រហែលជាមានការអ្វីសំខាន់ដែលត្រូវប្រាប់សាំយូអែលហើយ ។
លោកអេលី បានប្រាប់សាំយូអែល អោយត្រឡប់ទៅវិញ ហើយដេកទៅ ។ លោកអេលីបាននិយាយប្រាប់ថា " ប្រសិនបើទ្រង់ត្រាស់ហៅឯងម្ដងទៀត ឯងត្រូវនិយាយថា" សូមមានព្រះបន្ទូលមកព្រះអម្ចាស់អើយ ដ្បិតអ្នកបំរើរបស់ទ្រង់កំពុងតែស្ដាប់ហើយ " ។ ដូច្នេះសាំយូអែលបានធ្វើតាមនូវអ្វីៗដែលលោកអេលីបានប្រាប់ ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់សាំយូអែលនូវអ្វីៗ ដែលទ្រង់នឹងធ្វើ ។ សាំយូអែលបានស្ដាប់ តាមព្រះអម្ចាស់ ។