ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២៣ ខែឧសភា ឆ្នាំ២០២៤
១៣ក្រោយបួនដប់ថ្ងៃមកទៀត ព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ស្តេចយាងចុះមកឯសេសារា ក៏ចូលទៅសួរលោកភេស្ទុស ១៤កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ ១៥ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ ១៦តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចំឡើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ ១៧ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក ១៨តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ ១៩គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថា នៅរស់ទេប៉ុណ្ណោះ ២០ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ ២១តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូននៅឯសេសារ ២២ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនេះទ្រង់នឹងបានស្តាប់វាហើយ។
២៣ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក ២៤លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា នឹងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ ២៥តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសំរេចថា នឹងបញ្ជូនវាឲ្យទៅចុះ ២៦តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ ២៧ដ្បិតបើតាមទូលបង្គំ មើលទៅដូចជាគ្មានទំនងនឹងបញ្ជូនអ្នកទោសទៅ ឥតមានបង្ហាញទោសទាំងប៉ុន្មាន ដែលគេចោទដល់វានោះទេ។