ព្រះគម្ពីរ កិច្ចការ ២៣:១១-៣៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ២០២៤
១១នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ១២ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ ១៣ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់ ១៤គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ ១៥ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ នឹង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។ ១៦ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល ១៧នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជំរាប​ថា សូម​នាំ​អ្នក​កំឡោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​លោក ១៨អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក ១៩មេ​ទ័ព​ធំ​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយ‌ឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ ២០វា​ជំរាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុម‌ជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង ២១ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ ២២នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។ ២៣លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ នឹង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា ២៤ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅហ្វាយ​ខេត្ត ដោយ​សុខ‌សាន្ត ២៥លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្ដី​បែប​ដូច្នេះ​ថា ២៦សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប ២៧មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ ២៨ហើយ​ដែល​ខ្ញុំ​ចង់​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុម‌ជំនុំ​របស់​គេ ២៩ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រិត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ ៣០កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។ ៣១ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់‌ទី‌ប៉ា‌ទ្រីស តាម​បង្គាប់ ៣២ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ ៣៣កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ ៣៤កាល​លោក​បាន​មើល​សំបុត្រ​រួច​ជា​ស្រេច​ហើយ នោះ​លោក​សួរ​ពី​គាត់​នៅ​ខេត្ត​ណា លុះ​ជ្រាប​ថា នៅ​ស្រុក​គីលីគា ៣៥ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។