ព្រះគម្ពីរ កិច្ចការ ២២:១៦-៣០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១៦ ខែឧសភា ឆ្នាំ២០២៤
១៦ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ ១៧កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ១៨ហើយ​ក៏​ឃើញ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ ១៩ខ្ញុំ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូលបង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង ២០កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូលបង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សំឡាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សំឡាប់​គាត់​ផង ២១នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។ ២២គេ​ក៏​ស្តាប់​គាត់​ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ ២៣ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ ២៤នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចំឡើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ ២៥ប៉ុន្តែ កំពុង​ដែល​គេ​យក​ខ្សែ​មក​ចង​ប៉ុល​ឲ្យ​ចំកោង នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​រង​ដែល​ឈរ​នៅ​ទី​នោះ​ថា តើ​មាន​ច្បាប់​នឹង​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ មុន​ដែល​កាត់​ទោស​ដែរ​ឬ​អី ២៦លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជំរាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម ២៧នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ ២៨លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង ២៩ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ ៣០ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។