ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤
១ឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុកអើយសូមស្តាប់សេចក្ដីដោះសារបស់ខ្ញុំសិន ២(កាលគេឮគាត់និយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀមទៅទៀត) រួចគាត់និយាយថា ៣ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានរៀននៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យត្រឹមត្រូវ ក្នុងក្រិត្យវិន័យរបស់ពួកឰយុកោយើង ហើយខ្ញុំមានសេចក្ដីឧស្សាហ៍ដល់ព្រះ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ ៤ពីដើមខ្ញុំជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់ក៏មាន ព្រមទាំងចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកដែរ ៥ដូចជាសំដេចសង្ឃ នឹងពួកចាស់ទុំទាំងអស់ ជាទីបន្ទាល់ពីខ្ញុំស្រាប់ ហើយខ្ញុំបានទទួលយកសំបុត្រពីលោក ទៅឲ្យពួកសាសន៍យើងនៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅ ដើម្បីនឹងនាំយកអស់អ្នកក្នុងពួកនេះទាំងប៉ុន្មាន ដែលនៅស្រុកនោះទាំងជាប់ចំណង មកឯក្រុងយេរូសាឡិមវិញ ឲ្យគេជាប់ទោស ៦លុះកាលខ្ញុំកំពុងតែដើរដំណើរទៅជិតដល់ក្រុងដាម៉ាស ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ នោះស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃ បានភ្លឺមកនៅជុំវិញខ្ញុំ ៧ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមានបន្ទូលមកខ្ញុំថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ៨ខ្ញុំបានឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលមកខ្ញុំថា ខ្ញុំជាព្រះយេស៊ូវ ពីភូមិណាសារ៉ែត ដែលអ្នកបៀតបៀន ៩ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្ដីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានបន្ទូលមកខ្ញុំនោះទេ ១០ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ ១១នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ ១២រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះ តាមក្រិត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ ១៣អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់ ១៤រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់ ១៥ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ