ព្រះគម្ពីរ កិច្ចការ ២១:២៧-៤០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១៤ ខែឧសភា ឆ្នាំ២០២៤
២៧កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា ២៨នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង នឹង​ក្រិត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង ២៩ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង ៣០នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តាជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម ៣១តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម ៣២លោក​ក៏​យក​ទាហាន នឹង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក នឹង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល ៣៣លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​សើុប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ ៣៤តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរ‌ស៊ាន‌អឺង‌កង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ ៣៥លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង ៣៦ដ្បិត​មាន​បណ្តាជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សំឡាប់​វា​ទៅ។ ៣៧កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជំរាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ ៣៨ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះ‌បោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរ‌ស្ថាន​ទេ​ឬ​អី ៣៩តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើ‌សុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំង‌ឡាយ​បន្តិច​សិន ៤០លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា