ព្រះគម្ពីរ កិច្ចការ ២១:១-១៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​១០ ខែឧសភា ឆ្នាំ២០២៤
កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា កាល​ឃើញ​សំពៅ​១ មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះ‌វិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល នឹង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់​នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់ អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ ១០លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក ១១លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ ១២កាល​ឮ​ដូច្នោះ នោះ​យើង នឹង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ ១៣តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ១៤នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។