ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤
២៣នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ ២៤ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន ២៥កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក ២៦អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណេះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ ២៧ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី នឹងលោកីយទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ ២៨កាលគេឮសេចក្ដីនោះហើយ គេក៏មានពេញដោយសេចក្ដីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស ២៩នោះក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុស នឹងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹងប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ ៣០ឯប៉ុល គាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ ៣១ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ ៣២ឯបណ្តាជន ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះ កំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង ៣៣ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស ៣៤កាលគេបានដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជា២ម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស ៣៥កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ ៣៦ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវឲ្យធ្វើដោយរលះរលាំងដូច្នេះឡើយ ៣៧អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ ៣៨ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ ៣៩តែបើអ្នករាល់គ្នាចង់សួរពីដំណើរណាទៀត នោះត្រូវតែបានសំរេចក្នុងជំនុំ ដែលប្រជុំតាមច្បាប់វិញ ៤០ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ ៤១កាលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ នោះលោកឲ្យគេទៅវិញទៅ។