ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២ ខែឧសភា ឆ្នាំ២០២៤
១២កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា ១៣អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់ ១៤តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ១៥ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រិត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ ១៦លោកក៏បណ្តេញគេចេញពីសាលាជំនុំជំរះទៅ ១៧នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។
១៨ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡា ទៅជាមួយផង ១៩កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ ២០រួចគេសូមឲ្យគាត់នៅជាមួយនឹងគេជាយូរបន្តិចទៀត តែគាត់មិនព្រមទេ ២១គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ ២២លុះចូលចតនៅក្រុងសេសារាហើយ ក៏ឡើងទៅជំរាបសួរដល់ពួកជំនុំ រួចចុះទៅឯអាន់ទីយ៉ូកវិញ