ព្រះគម្ពីរ កិច្ចការ ១៧:២៤-៣៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​៣០ ខែមេសា ឆ្នាំ២០២៤
២៤ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ២៥ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក ២៦ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ២៧ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ២៨ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ» ២៩ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ ៣០ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ៣១ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ៣២កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត ៣៣ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ ៣៤តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ‌ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ។