ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
១៦កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ ១៧ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ ១៨តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកជួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ១៩គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្ដីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ ២០ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះ យើងចង់ដឹងន័យសេចក្ដីទាំងនេះដែរ ២១រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។
២២ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ២៣ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង