ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
១រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា ២ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ៣ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ ៤ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ ៥តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន ៦លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ៧ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ ៨មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ ៩រួចកាលបានយកប្រាក់ធានាពីយ៉ាសុន នឹងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។
១០ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា ១១រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ ១២ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនជឿ ក៏មានប្រុសៗក្រែលដែរ ១៣តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត ១៤ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ ១៥ឯពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកជួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។