ព្រះគម្ពីរ កិច្ចការ ១៦:៣៣-៤០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២៦ ខែមេសា ឆ្នាំ២០២៤
៣៣នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ នឹង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម ៣៤នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។ ៣៥ដល់​ភ្លឺ​ឡើង នោះ​មេ​នគរ‌បាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ ៣៦មេភូ‌ឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរ‌បាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ៣៧តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរ‌បាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេច‌កែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ ៣៨ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរ‌បាល​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម ៣៩ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ ៤០កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។