ព្រះគម្ពីរ កិច្ចការ ១៦:១៦-៣២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​២៥ ខែមេសា ឆ្នាំ២០២៤
១៦រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ ១៧នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ ១៨នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង ១៩កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល​នឹង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល ២០រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរ‌បាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់ ២១គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ ២២ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់ ២៣ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូ‌ឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត‌ប្រយែង ២៤មេភូ‌ឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង ២៥លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល នឹង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ ២៦នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ ២៧កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ ២៨ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ ២៩មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល នឹង​ស៊ីឡាស ទាំង​ញាប់‌ញ័រ ៣០គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង ៣១គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង ៣២គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ នឹង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ