ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
១រីឯប៉ុល បានទៅដល់ក្រុងឌើបេ នឹងលីស្ត្រា ហើយនៅទីនោះ ក៏ប្រទះឃើញសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលបានជឿ តែឪពុកជាសាសន៍ក្រេក ២គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រា នឹងអ៊ីកូនាម ៣ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រេក ៤កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចគេឲ្យកាន់តាម ៥យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។
៦កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ ៧បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ ៨រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ ៩នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង ១០លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ ១១កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ១២ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។
១៣ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា ១៤នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ ១៥កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។