ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤
២២នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូក ជាមួយនឹងប៉ុល ហើយនឹងបាណាបាស ២៣គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំ នឹងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី នឹងស្រុកគីលីគា ឲ្យបានជ្រាប ២៤ដ្បិតយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្ត ហើយឲ្យវល់គំនិត ដោយពាក្យសំដីដែលគេថា ត្រូវតែកាត់ស្បែក ហើយកាន់តាមក្រិត្យវិន័យផង តែយើងខ្ញុំមិនបានបង្គាប់គេទេ ២៥ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នា ជាមួយនឹងបាណាបាស ហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ ២៦ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ២៧ដូច្នេះ យើងខ្ញុំបានចាត់យូដាស នឹងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្ដីនោះឯង ២៨ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ ២៩គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។
៣០កាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយ នោះគេទៅដល់អាន់ទីយ៉ូក ក៏ប្រជុំពួកសិស្សទាំងប៉ុន្មាន ហើយប្រគល់សំបុត្រនោះដល់ពួកជំនុំ ៣១លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ ៣២ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង ៣៣កាលនៅទីនោះជាយូរបន្តិច នោះពួកជំនុំឲ្យគេត្រឡប់ទៅឯពួកសាវកវិញដោយសុខសាន្ត ៣៤តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត ៣៥ឯប៉ុល នឹងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន។
៣៦កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច ៣៧ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថា ម៉ាកុស ទៅជាមួយផង ៣៨តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ ៣៩ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស ៤០តែប៉ុល គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់ ៤១នោះគាត់ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង។