ព្រះគម្ពីរ កិច្ចការ ១៤:១-១៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​១៩ ខែមេសា ឆ្នាំ២០២៤
កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះ‌ញង់ ហើយ​ចាក់‌រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ ចំណែក​ប៉ុល នឹង​បា‌ណា‌បាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ‌ក្លា​ដោយ​នូវ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​កើត​មក ដោយ‌សារ​ដៃ​អ្នក​ទាំង​២​នោះ ឯ​មនុស្ស​ទាំង‌ឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក តែ​កាល​ពួក​សាសន៍​ដទៃ នឹង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះ‌តិះដៀល ហើយ​ចោល​នឹង​ថ្ម នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។ រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សំឡឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា ១០នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ ១១កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ ១២គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សំដែង ១៣ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​នឹង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស ១៤កាល​បា‌ណា‌បាស នឹង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា ១៥អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង