ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី១៨ ខែមេសា ឆ្នាំ២០២៤
៣២យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ៣៣ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ៣៤ហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្ដីពុករលួយទៀតឡើយ នោះទ្រង់មានបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» ៣៥ហេតុដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទ១ទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្ដីពុករលួយឡើយ» ៣៦រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្ដីពុករលួយដែរ ៣៧តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្ដីពុករលួយឡើយ ៣៨ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង ៣៩មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ ៤០ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្ដី ដែលពួកហោរាបានទាយទុកថា ៤១«នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។
៤២កាលពួកសាសន៍យូដា បានចេញពីសាលាប្រជុំទៅហើយ នោះពួកសាសន៍ដទៃ ក៏សូមឲ្យប៉ុលអធិប្បាយ តាមសេចក្ដីទាំងនោះ នៅថ្ងៃឈប់សំរាកមួយក្រោយទៀត ៤៣កាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅ នោះមានពួកសាសន៍យូដា នឹងពួកចូលសាសន៍ជាច្រើនដែលមកថ្វាយបង្គំ គេដើរតាមប៉ុល នឹងបាណាបាស ដែលទូន្មានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះ។
៤៤ដល់ថ្ងៃឈប់សំរាកក្រោយ នោះពួកអ្នកក្រុងស្ទើរតែទាំងអស់ ក៏មកប្រជុំគ្នា ដើម្បីនឹងស្តាប់ព្រះបន្ទូល ៤៥តែកាលពួកសាសន៍យូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះ នោះកើតមានចិត្តពេញដោយសេចក្ដីច្រណែន ហើយក៏ឆ្លើយទទឹងទាស់នឹងសេចក្ដី ដែលប៉ុលអធិប្បាយនោះ ទាំងជំនះ ហើយប្រមាថផង ៤៦ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ ៤៧ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា «អញបានតាំងឯងសំរាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យឯងបានសំរាប់ជាសេចក្ដីសង្គ្រោះដល់ចុងផែនដីបំផុត»។
៤៨កាលពួកសាសន៍ដទៃបានឮដូច្នេះ នោះគេមានសេចក្ដីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ ៤៩ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ ៥០តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ នឹងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្ដីបៀតបៀន ដល់ប៉ុល នឹងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ ៥១ដូច្នេះ អ្នកទាំង២ក៏រលាស់ធូលីដី ពីជើងចេញទាស់នឹងគេ រួចចេញទៅឯក្រុងអ៊ីកូនាម ៥២ឯពួកសិស្ស គេមានចិត្តពេញដោយសេចក្ដីអំណរ ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។