ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤
១រីឯនៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះកូនេលាស ជាមេលើកងទ័ព ដែលហៅថា កងទ័ពអ៊ីតាលី ២ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច ៣លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោក ពោលថា កូនេលាសអើយ ៤លោកក៏សំឡឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា ព្រះអម្ចាស់អើយ តើមានការអ្វី ទេវតាប្រាប់ថា សេចក្ដីអធិស្ឋាន នឹងការដាក់ទានរបស់អ្នក បានឡើងទៅទុកជាសេចក្ដីរំឭក នៅចំពោះព្រះហើយ ៥ដូច្នេះ ចូរអ្នកប្រើគេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថា ពេត្រុស ឲ្យមកឥឡូវ ៦គាត់ស្នាក់នៅផ្ទះរបស់ជាងសំឡាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ដែលនៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា ៧កាលទេវតា ដែលនិយាយមកលោក បានចេញទៅបាត់ហើយ នោះលោកហៅអ្នកបំរើ២នាក់ នឹងទាហានម្នាក់ ដែលកោតខ្លាចដល់ព្រះ ពីពួកមនុស្សដែលតែងតែបំរើលោកឲ្យមក ៨រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។
៩ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ ១០គាត់ក៏នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ ១១គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី ១២នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ ១៣ក៏ឮសំឡេងមានបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ ១៤តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ ១៥រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ១៦ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។
១៧កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ ១៨គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ ១៩ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក ២០ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក ២១ដូច្នេះ ពេត្រុសក៏ចុះទៅទទួលគេ ដោយពាក្យថា គឺខ្ញុំនេះហើយ ដែលអ្នករាល់គ្នារក តើមានការអ្វី ២២គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ ២៣ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ