ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤
៣០លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ ៣១កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានបន្ទូលមកថា ៣២«អញជាព្រះនៃពួកឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានមើលឡើយ ៣៣រួចព្រះអម្ចាស់ទ្រង់មានបន្ទូលទៅលោកថា «ចូរដោះស្បែកជើងឯងចេញ ដ្បិតកន្លែងដែលឯងឈរនោះជាដីបរិសុទ្ធ ៣៤អញបានឃើញសេចក្ដីទុក្ខលំបាក ដែលគេធ្វើដល់រាស្ត្រអញនៅស្រុកអេស៊ីព្ទហើយ ក៏ឮសូរដំងូររបស់គេដែរ ហេតុនោះបានជាអញចុះមក ដើម្បីប្រោសឲ្យគេរួច ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅឯស្រុកអេស៊ីព្ទ» ៣៥ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ ៣៦លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ ៣៧គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ» ៣៨គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ ៣៩តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ ៤០ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ» ៤១នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ ៤២នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្ដីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ ៤៣ព្រមទាំងរើសយកបារាំរបស់ព្រះម៉ូឡុក នឹងផ្កាយរបស់ព្រះរេមផាន់ ជារូបដែលឯងបានធ្វើ សំរាប់នឹងថ្វាយបង្គំផង នោះតើបានថ្វាយដល់អញឬ ដូច្នេះ អញនឹងនិរទេសឯងរាល់គ្នា ឲ្យទៅនៅខាងនាយស្រុកបាប៊ីឡូនវិញ»។
៤៤រីឯរោងឧបោសថនៃសេចក្ដីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ ៤៥ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញ ពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។
៤៦រីឯហ្លួងដាវីឌនេះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងទ្រង់ ហើយស្តេចទ្រង់មានព្រះទ័យប្រាថ្នាចង់រកទីលំនៅសំរាប់ព្រះនៃយ៉ាកុប ៤៧តែគឺហ្លួងសាឡូម៉ូនវិញ ដែលស្អាងដំណាក់១ថ្វាយដល់ព្រះ ៤៨ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយដូចជាហោរាបានទាយថា ៤៩«ស្ថានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សំរាកបាន ៥០តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី» ៥១ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ ៥២តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ ៥៣អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រិត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។