ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២៨ ខែមីនា ឆ្នាំ២០២៤
១នោះសំដេចសង្ឃសួរថា សេចក្ដីទាំងនេះត្រូវឬទេ ២ស្ទេផានឆ្លើយថា ឱអ្នករាល់គ្នា ជាបងប្អូន ជាឪពុកអើយ សូមស្តាប់សិន ព្រះដ៏មានសិរីល្អ ទ្រង់លេចមកឲ្យលោកអ័ប្រាហាំ ជាឰយុកោយើងរាល់គ្នាឃើញ ក្នុងកាលដែលលោកនៅស្រុកមេសូប៉ូតាមា មុនដែលនៅស្រុកខារ៉ាន ៣ហើយមានបន្ទូលប្រាប់លោកថា «ចូរឯងចេញពីស្រុក ហើយពីញាតិសន្តានឯង ទៅនៅឯស្រុក១ដែលអញនឹងបង្ហាញវិញ» ៤នោះលោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ានទៅ លុះក្រោយដែលឪពុកលោកស្លាប់ហើយ នោះទ្រង់ផ្លាស់លោកពីទីនោះ ឲ្យមកនៅស្រុក ដែលលោករាល់គ្នានៅសព្វថ្ងៃនេះវិញ ៥ទ្រង់មិនបានប្រទាន ឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក នឹងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង ៦ហើយព្រះទ្រង់មានបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ ៧ព្រះទ្រង់មានបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ» ៨ទ្រង់ក៏តាំងសេចក្ដីសញ្ញា ខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។
៩ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ១០ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ នឹងលើព្រះរាជវាំងទាំងមូលផង ១១រីឯនៅស្រុកអេស៊ីព្ទ នឹងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន ១២នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង ១៣លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ ១៤រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក នឹងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក ១៥ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ ១៦គេដង្ហែសពលោកទៅឯស្រុកស៊ីគែមបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។
១៧កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ ១៨ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ ១៩ស្តេចនោះប្រព្រឹត្តនឹងសាសន៍យើងដោយឆ្លៀវឆ្លាត ទាំងធ្វើទុក្ខដល់ពួកឰយុកោយើង ដោយបង្ខំឲ្យគេចោលអស់ទាំងកូនង៉ែតរបស់គេចេញ មិនឲ្យមាននៅរស់ឡើយ ២០នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ ២១កាលគេត្រូវដាក់នៅខាងក្រៅវិញ នោះព្រះរាជបុត្រីផារ៉ោនក៏យកទៅចិញ្ចឹម ទុកជាកូនបង្កើត ២២លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ ហើយក៏មានពាក្យសំដី នឹងការធ្វើយ៉ាងចំណាន ២៣កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែលជាបងប្អូនខ្លួន ២៤លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់ ២៥ដ្បិតលោកស្មានថាបងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្ដីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ ២៦លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ ២៧តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង ២៨តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី ២៩កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។