ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០២៤
១៧រីឯសំដេចសង្ឃ នឹងអស់អ្នកនៅជាមួយនឹងលោក ដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្ដីកំហឹងដ៏ពោរពេញ ១៨ក៏ចាប់ពួកសាវកយកទៅឃុំទុក ១៩ប៉ុន្តែ នៅវេលាយប់នោះ មានទេវតានៃព្រះអម្ចាស់បើកទ្វារគុកនាំចេញមក ប្រាប់ថា ២០ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ ២១កាលគេបានឮហើយ នោះក៏នាំគ្នាចូលទៅបង្រៀន ក្នុងព្រះវិហារពីព្រលឹម ឯសំដេចសង្ឃ នឹងពួកអ្នកដែលនៅជាមួយនឹងលោក ក៏មកហៅពួកក្រុមជំនុំ នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ឲ្យប្រជុំគ្នា រួចចាត់ពួកអាជ្ញាទៅឯគុក ដើម្បីនឹងនាំយកពួកសាវកមក ២២គេក៏បានទៅដល់គុក តែមិនឃើញពួកសាវកនៅក្នុងគុកទេ រួចត្រឡប់មកវិញជំរាបថា ២៣យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័តគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ ២៤កាលមេទ័ពរក្សាព្រះវិហារ នឹងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា ២៥តែមានម្នាក់ទៀតមកជំរាបថា មើល ពួកមនុស្សដែលលោកបានដាក់គុកនោះ ឥឡូវនេះ គេកំពុងតែឈរបង្រៀនដល់ពួកជន នៅក្នុងព្រះវិហារវិញ ២៦នោះមេទ័ព នឹងពួកអាជ្ញា ក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម ២៧កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសំដេចសង្ឃស្តីថា ២៨តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី តែមើល ឯងរាល់គ្នាបានបង្រៀនសេចក្ដីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទំលាក់ទោសពីឈាមមនុស្សនោះមកលើយើងផង ២៩តែពេត្រុស នឹងពួកសាវកឯទៀត ឆ្លើយឡើងថា ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស ៣០រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ៣១ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប ៣២យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។
៣៣លុះកាលពួកក្រុមជំនុំបានឮ នោះគេមានចិត្តក្តៅក្រហាយជាខ្លាំង ក៏ពិគ្រោះគ្នានឹងសំឡាប់ពួកសាវកចេញ ៣៤ប៉ុន្តែ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន លោកឈរឡើងក្នុងក្រុមជំនុំ បង្គាប់ឲ្យបញ្ចេញពួកសាវកទៅខាងក្រៅបន្តិចសិន ៣៥រួចលោកមានប្រសាសន៍ទៅពួកក្រុមជំនុំថា ពួកសាសន៍អ៊ីស្រាអែលអើយ ចូរប្រយ័តខ្លួន ពីដំណើរមនុស្សទាំងនេះ ដែលអ្នករាល់គ្នាគិតធ្វើអ្វីដល់គេ ៣៦ដ្បិតពីដើមមានឈ្មោះធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវា តែវាត្រូវគេសំឡាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ ៣៧ក្រោយនោះមក នៅវេលាធ្វើបញ្ជីកត់ត្រារាស្ត្រ នោះមានឈ្មោះយូដាស ជាអ្នកស្រុកកាលីឡេទៀត បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមខ្លួន វាក៏វិនាសបាត់ទៅដែរ ហើយពួកអ្នកដែលចុះចូលតាម ក៏ត្រូវខ្ចាត់ខ្ចាយទាំងអស់គ្នាទៅ ៣៨ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន ៣៩តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ ៤០ពួកក្រុមជំនុំក៏យល់ព្រមតាមគំនិតលោក រួចកាលបានហៅពួកសាវកមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ ៤១ពួកសាវកក៏ចេញពីពួកក្រុមជំនុំទៅ ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់ ៤២ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។