ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤
១តែមានមនុស្សម្នាក់ទៀតឈ្មោះអាន៉្នានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ ២ហើយបានគៃដំឡៃនោះទុកខ្លះ ដោយប្រពន្ធយល់ព្រមដែរ រួចនាំយក១ចំណែកមក ដាក់នៅទៀបជើងពួកសាវក ៣តែពេត្រុសសួរថា អាន៉្នានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យអ្នកហ៊ានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយគៃទុកដំឡៃដី១ចំណែកដូច្នេះ ៤កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ ៥កាលអាន៉្នានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាច ៦នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់ ៧នៅគ្រាប្រហែលជា៣ម៉ោងក្រោយមក ប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ ៨ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ ៩រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា នឹងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ ១០នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះៗបានចូលមក ឃើញនាងស្លាប់ នោះគេក៏សែងយកទៅកប់ នៅជិតខ្មោចប្ដីទៅ ១១រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។
១២មានទីសំគាល់ នឹងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជន ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា នឹងនៅក្នុងបាំងសាចសាឡូម៉ូន ១៣ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ ១៤ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី) ១៥ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែនឹងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ ១៦ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចិ៍ចូលផង ហើយគេបានជាទាំងអស់គ្នា។