ព្រះគម្ពីរ កិច្ចការ ៤:២៣-៣៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២២ ខែមីនា ឆ្នាំ២០២៤
២៣លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម ២៤កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ​ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ២៥ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ២៦ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់» ២៧ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ២៨ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ នឹង​ព្រះ‌ដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន ២៩ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ‌លេញ ៣០ដោយ​ទ្រង់​លូក​ព្រះ‌ហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​នឹង​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ៣១កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ក្លាហាន។ ៣២ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ៣៣ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ ៣៤នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់ យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក ៣៥ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។ ៣៦រីឯ​យ៉ូសេ ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស ៣៧គាត់​មាន​ដី​ដែរ ហើយ​ក៏​លក់​យក​ប្រាក់​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។