ព្រះគម្ពីរ កិច្ចការ ៤:១៣-២២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​២១ ខែមីនា ឆ្នាំ២០២៤
១៣កាល​បាន​ឃើញ​ថា ពេត្រុស នឹង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិន‌សូវ​ចេះ​ជ្រៅ‌ជ្រះ ហើយ​ឥត​បាន​រៀន‌សូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ ១៤តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ ១៥ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​គ្នា​ថា ១៦តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សំគាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង ១៧ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត ១៨រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ ១៩តែ​ពេត្រុស នឹង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ២០ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ ២១តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរ​ដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក ២២ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា ដោយ‌សារ​ទី​សំគាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។