ព្រះគម្ពីរ កិច្ចការ ៤:១-១២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២០ ខែមីនា ឆ្នាំ២០២៤
កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ នឹង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់ គេ​មាន​សេចក្ដី​អាក់‌អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តាជន ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។ ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន នឹង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តាជន នឹង​ពួក​លោក​ចាស់‌ទុំ​ទាំង‌ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី ១០នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ‌សារ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ១១ព្រះ‌អង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើល‌ងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ១២ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ‌សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។