ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤
១១ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។
១២កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្ដីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ ១៣ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នាទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ ១៤គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ ១៥អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង ១៦ហើយគឺដោយសារសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្ដីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ ១៧ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ ១៨ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង ១៩ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ ២០ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានដំរូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ ២១ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក ២២ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ ២៣ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ» ២៤ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ ២៥អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា នឹងសេចក្ដីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង» ២៦រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្ដីអាក្រក់របស់ខ្លួនចេញ។