ព្រះគម្ពីរ កិច្ចការ ៣:១-១០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​១៨ ខែមីនា ឆ្នាំ២០២៤
នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស នឹង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ ជា​មួយ​គ្នា រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ កាល​គាត់​ឃើញ​ពេត្រុស នឹង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​គាត់​សូម​ទាន តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សំឡឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​នឹង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង នឹង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ដល់​ព្រះ​ផង បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ ១០ហើយ​គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង‌តែ​អង្គុយ​សូម​ទាន​គេ នៅ​ត្រង់​មាត់​ទ្វារ​លំអរ​របស់​ព្រះ‌វិហារ នោះ​គេ​ក៏​មាន​ពេញ​ជា​សេចក្ដី​អស្ចារ្យ ហើយ​មមិង‌មមាំង​ពី​ការ​ដែល​កើត​មក​នោះ