ព្រះគម្ពីរ កិច្ចការ ១:១២-២៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១២ ខែមីនា ឆ្នាំ២០២៤
១២ពួក​អ្នក​ទាំង​នោះ​ក៏​វិល​ពី​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រីឯ​ភ្នំ​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ចំងាយ​ផ្លូវ​ដើរ​អស់​១​ថ្ងៃ​ឈប់​សំរាក ១៣កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប ១៤ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះ‌យេស៊ូវ នឹង​បង​ប្អូន​ទ្រង់​ដែរ។ ១៥នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា ១៦បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច ១៧ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ ១៨(រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ​វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល ១៩រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម) ២០ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការ‌ងារ​ជំនួស​វា» ២១ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល ក្នុង​ពួក​យើង ២២ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ២៣ដូច្នេះ គេ​ក៏​ដំរូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ នឹង​ម៉ាត់ធាស​១ ២៤រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ ២៥ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា ២៦នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។