ព្រះគម្ពីរ កិច្ចការ ១:១-១១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​១១ ខែមីនា ឆ្នាំ២០២៤
ឱ​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ​ហើយ​បង្រៀន ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភ័ស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះវរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។ ១០កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា ១១ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ