ព្រះគម្ពីរ លូកា ២៣:២៦-៥៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​៦ ខែមីនា ឆ្នាំ២០២៤
២៦កាល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចំការ ក៏​ដាក់​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ទ្រង់​ទៅ ២៧មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង ២៨ព្រះ‌យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ២៩ដ្បិត​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ នឹង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន ៣០នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ ៣១ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។ ៣២គេ​ក៏​នាំ​ចោរ​កំណាច​២​នាក់ ទៅ​សំឡាប់​ជា​មួយ​នឹង​ទ្រង់​ដែរ ៣៣កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​រលា​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់ ៣៤ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា ៣៥ឯ​បណ្តាជន​ដែល​ឈរ​មើល នឹង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ ៣៦ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា ៣៧បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ ៣៨ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង នឹង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។ ៣៩រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង ៤០ប៉ុន្តែ​ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា ៤១គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ ៤២រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង ៤៣ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ ៤៤ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ៤៥ថ្ងៃ​ត្រឡប់​ទៅ​ជា​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល ៤៦នោះ​ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ‌ហស្ត​ទ្រង់​វិញ កាល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។ ៤៧កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន ៤៨ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ ៤៩ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ នឹង​ពួក​ស្រីៗ​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។ ៥០ហើយ​មើល មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម‌ត្រូវ សុចរិត ៥១(លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ ៥២លោក​ទៅ​ឯ​លោក​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ ៥៣កាល​បាន​យក​ព្រះ‌សព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ ៥៤ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។ ៥៥ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលី‌ឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ នឹង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ ៥៦រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប នឹង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។