ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី៥ ខែមីនា ឆ្នាំ២០២៤
១៣កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន នឹងបណ្តាមនុស្សទាំងអស់មក ១៤នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើល ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ ១៥ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើល ទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ ១៦ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ ១៧ដ្បិតនៅបុណ្យនោះ លោកត្រូវតែលែងអ្នកទោសម្នាក់ឲ្យដល់គេ ១៨តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ ១៩ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនឹងការសំឡាប់គេ ២០បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ ២១ប៉ុន្តែគេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ ២២លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ ២៣តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ នឹងពួកសង្គ្រាជ ក៏បានឈ្នះ ២៤លោកពីឡាត់កាត់សំរេចទោសតាមគេសូម ២៥រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ នឹងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។