ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤
១បណ្តាមនុស្សទាំងអស់គ្នា ក៏ក្រោកឡើង នាំទ្រង់ទៅឯលោកពីឡាត់ ២ចាប់តាំងចោទប្រកាន់ទ្រង់ថា យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ ៣លោកពីឡាត់ក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចសាសន៍យូដាមែនឬអី ទ្រង់ឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ ៤នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ នឹងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ ៥ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ ៦កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី ៧លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។
៨កាលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញទ្រង់ជាយូរមកហើយ ព្រោះបានឮរឿងពីទ្រង់ជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញទ្រង់ធ្វើទីសំគាល់ណាមួយ ៩នោះស្តេចមានបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែ ទ្រង់មិនព្រមឆ្លើយសោះ ១០ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់ទ្រង់ជាខ្លាំង ១១លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ ១២នៅថ្ងៃនោះ លោកពីឡាត់ នឹងស្តេចហេរ៉ូឌ ក៏បានជានឹងគ្នា ដ្បិតពីមុន លោកទាំង២នោះបានទាស់ទែងគ្នា។